វិធានការរដ្ឋបាលចំពោះការខកខានក្នុងការអនុវត្ត លិខិតជូនដំណឹងស្តីពីការប្រកាសបង់ពន្ធមិនបានត្រឹមត្រូវលើកទី២
សេចក្ដីណែនាំ ស្តីពី
វិធានការរដ្ឋបាលចំពោះការខកខានក្នុងការអនុវត្ត លិខិតជូនដំណឹងស្តីពីការប្រកាសបង់ពន្ធមិនបានត្រឹមត្រូវលើកទី២
អនុលោមតាមសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និង អ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវសេចក្តីជូនដំណឹងលេខ ៩១២៤ អពដ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ស្ដីពីការដាក់ឱ្យប្រើប្រាស់លិខិតជូនដំណឹងស្តីពីការប្រកាសបង់ពន្ធមិនបានត្រឹមត្រូវ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ ពិនិត្យឃើញថា មានសហគ្រាសមួយចំនួនបានបង់ប្រាក់ពន្ធ និងធ្វើការឆ្លើយតបទៅលើលិខិតជូនដំណឹងនេះបានត្រឹមត្រូវ និងទាន់ពេលកំណត់ ប៉ុន្តែមានសហគ្រាសមួយចំនួនទៀតពុំទាន់ធ្វើការបង់ពន្ធ ឬឆ្លើយតបលើលិខិតជូនដំណឹងក្នុង រយៈពេលដែលកំណត់បានត្រឹមត្រូវនៅឡើយទេ។
ដើម្បីពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារប្រកបដោយប្រសិទ្ធភាព លើការអនុវត្តលិខិតជូនដំណឹងស្តីពីការប្រកាសបង់ពន្ធមិនបានត្រឹមត្រូវលើកទី២ ចំពោះសហគ្រាសដែលមិនបានបង់ប្រាក់ពន្ធឬ
មិនបានឆ្លើយតបក្នុងរយៈពេលកំណត់ អគ្គនាយកដ្ឋានពន្ធដារនឹងអនុវត្តវិធានការរដ្ឋបាលដូចខាងក្រោម៖
កត់ត្រា ប្រាក់ពន្ធ ពន្ធបន្ថែម និងការប្រាក់ដែលមាននៅក្នុងលិខិតជូនដំណឹងលើកទី២ ជាបំណុលពន្ធ និងអនុវត្តនីតិវិធីនៃការប្រមូលបំណុលពន្ធស្របតាមប្រកាសលេខ ៩៦២ សហវ.ប្រក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងបំណុលពន្ធដារ ព្រមទាំងជាកម្មវត្ថុនៃការចុះធ្វើសវនកម្មពន្ធដារ។ ព្យួរសុពលភាពវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម ឬចាត់វិធានការផ្សេង់ៗស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន ក្នុងករណីអគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថា មានអំពើ គេចវេះពន្ធ និងហានិភ័យនៃការបាត់ប្រាក់ពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក-លោកស្រីជាអភិបាល ឬបណ្ណាធិការ សហគ្រាស ឬកម្មសិទ្ធិករសហគ្រាស អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ នឹងយកចិត្តទុកដាក់ចូលរួមអនុវត្តតាម ខ្លឹមសារនៃសេចក្ដីណែនាំនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
Comments
Post a Comment