វចនានុក្រមខ្មែរ២០២២
អំពីយើង (កម្មវិធីជំនាន់ទី ២)
ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នជាតិដែលបង្កើតឡើង ដើម្បីអភិរក្សនិងអភិវឌ្ឍភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាពព្រមទាំងរក្សាបាននូវ អត្តសញ្ញាណជាតិខ្មែរ។
វចនានុក្រមខ្មែរជាផ្លូវការត្រូវបានបោះពុម្ពចំនួន៥គ្រារួចមកហើយ ក្នុងនោះបោះពុម្ពគ្រាទី១ ឆ្នាំ១៩៣៨(ភាគ១)និងឆ្នាំ១៩៤៣(ភាគ២) បោះពុម្ពគ្រាទី២ ឆ្នាំ១៩៥២(ភាគ២) បោះពុម្ពគ្រាទី៣ ឆ្នាំ១៩៥៨(ភាគ១)និងឆ្នាំ១៩៦២(ភាគ២) បោះពុម្ពគ្រាទី៤ ឆ្នាំ១៩៦២(ភាគ១) និង បោះពុម្ពគ្រា ទី៥ ឆ្នាំ១៩៦៧(ភាគ១)និងឆ្នាំ១៩៦៨(ភាគ២)។ រយៈពេល៥៥ឆ្នាំ គិតចាប់ពីការបោះពុម្ពផ្សាយ វចនានុក្រមខ្មែរគ្រាទី៥ ក្នុងឆ្នាំ១៩៦៧ មកដល់ឆ្នាំ២០២២ មានពាក្យជាច្រើននៅមិនទាន់បំពេញបន្ថែម ក្នុងវចនានុក្រមខ្មែរនៅឡើយ។ ម្យ៉ាងទៀត នៅក្នុងស្ថានភាពសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន ដែលមានការ រីកចម្រើនលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងក្នុងបរិបទសាកលភាវូបនីយកម្ម គេត្រូវការពាក្យជា ចាំបាច់ដើម្បីប្រើប្រាស់ឱ្យស្របតាមតម្រូវការសង្គម។
ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក្រុមប្រឹក្សាជាតិភាសាខ្មែរបានទទួលការឧបត្ថម្ភគាំទ្រទាំង ស្រុងពីរាជរដ្ឋាភិបាលនូវគម្រោងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរ ដែលជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុង វិស័យអក្សរសាស្ត្រជាតិ បន្ទាប់ពីការបង្កើតវចនានុក្រមខ្មែរលើកដំបូងនាឆ្នាំ១៩១៥ នាដើមសតវត្ស ទី២០។ គណៈកម្មាធិការជាតិមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើបច្ចុប្បន្នកម្ម និងទំនើបកម្មវចនានុក្រមខ្មែរសម្រាប់សុខដុមនីយកម្មក្នុងការប្រើភាសាខ្មែរ។
គណៈកម្មាធិការជាតិរៀបរៀងវចនានុក្រមខ្មែរបានកំណត់គោលការណ៍បច្ចេកទេសក្នុងការធ្វើបច្ចុប្បន្នកម្ម ដែលមានដូចជារក្សាទុកទម្រង់ដើមនៃវចនានុក្រមខ្មែរដោយបានធ្វើការកែសម្រួលចំណុច មួយចំនួន បន្ថែមពាក្យដែលកំពុងប្រើប្រាស់ហើយដែលមិនទាន់មាននៅក្នុងវចនានុក្រមខ្មែរ ដាក់ សូរអានគ្រប់មេពាក្យនិងកូនពាក្យមួយចំនួន ប្តូរថ្នាក់ពាក្យដោយត្រូវបានបែងចែកត្រឹមតែ៨ គឺនាម សព្វនាម កិរិយាសព្ទ គុណនាម គុណកិរិយា ធ្នាក់ ឈ្នាប់ ឧទានសព្ទ រួមទាំងបរិវារសព្ទជាដើម។
ស្របតាមការវិវត្តជឿនលឿននៃវិទ្យាសាស្ត្រនិងដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ស្រទាប់អ្នកអាននិងអ្នកសិក្សាស្រាវជ្រាវភាសាខ្មែរនៅទូទាំងប្រទេសនិងសកលលោក ក្រុមប្រឹក្សាជាតិភាសាខ្មែរបានបង្កើតជាសុសវែរវចនានុក្រមបច្ចុប្បន្នកម្ម គ្រាទី១ ដែលជាប្រព័ន្ធផ្សព្វផ្សាយ បែបថ្មីនិងពេញនិយមក្នុងពេលបច្ចុប្បន្ន។


Comments
Post a Comment